Monday, January 12, 2009








Cambodia History


សេចក្ដីផ្ដើម


កម្ពុជាបានឆ្លងកាត់នូវតំណាក់កាលជាច្រើននៃប្រវត្ដិសាស្ដ្ររបស់ខ្លួន។ ដោយទ្បែកនៅក្នុង រយៈពេលបីទសវត្សមុនកម្ពុជាបានជួបប្រទះនូវសោកវិនាសកម្មដ៏ខ្មៅងងឹតបំផុតនៃប្រវត្ដិសាស្ដ្រ ដែល មិនធ្លាប់បានជួប ប្រទះទាល់តែសោះ។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាតំណាក់កាលនៃការចាប់ផ្ដើម ទ្បើងនៃរបបវាលពិឃាដ (កម្ពុជាប្រជាធិបតេយ្យ) ដែលបានធ្វើឱ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល និង រន្ធត់តក់ស្លុត ក្រៃលែង។ ប្រជាជនម្ពុជាជាង២លាននាក់បានស្លាប់បាត់បង់ជីវិតយ៉ាងគួរអោយ អនោច អធមបំផុតពួកគេត្រូវ​បាន​ស្លាប់ដោយសារភាពអត់ឃ្លានជំងឺដែលគ្មានឱសថព្យាបាលគ្រប់គ្រាន់ ដោយការធ្វើទារុណកម្ម និង ដោយ​ការ​កាប់សម្លាប់ព្រោះតែការចោទប្រកាន់ផ្សេងៗ។ រីឯប្រជាជន ដែលនៅ រស់រួចពីសេចក្ដីស្លាប់ត្រូវបានគេបង្ខំឱ្យ​ធ្វើការជាទម្ងន់ ហើយទទួលបានមកវិញនូវរបបអាហារ យ៉ាងខ្វះខាតបំផុតដែលមិនគួរឱ្យជឿ (បបរមួយចាន​មាន​គ្រាប់អង្ករតែ៤ ទៅ១០ គ្រាប់ប៉ុណ្ណោះក្នុង មួយ ពេល)។ មនុស្សគ្រប់វ័យគ្រប់ប្រភេទ ត្រូវបានគេបញ្ជា​ឱ្យធ្វើ​ការ​ទៅតាមការចាត់ចែងរបស់គេ មនុស្សពេញកំលាំងត្រូវធ្វើការធ្ងន់ មនុស្សចាស់ និង កុមារធ្វើការស្រាល ដូចដែលគេបានប្រកាសថា “កម្ពុជាប្រជាធិបតេយ្យ គឺជាប្រទេសដែលគ្មាននរណា ម្នាក់មិនមានការងារធ្វើនោះ​ទេ​ ភាពគ្មាន ការងារធ្វើគឺ គ្មានទេក្នុងរបបកម្ពុជាប្រជាធិបតេយ្យ”។ ខ្មែរក្រហមបានប្រើប្រាស់អំណាចរបស់ខ្លួន​បង្ខំ​អោយ​ប្រជាជនធ្វើការទាំងងងឹតងងុលដូចសត្វធាតុ ឬ គ្រឿងម៉ាស៊ីន។ ដោយពួកគេខ្លាចប្រជាជន​ទាំងនោះ​ងើប​ទ្បើងបះបោរប្រឆាំងនឹងការគ្រប់គ្រងដ៏អមនុស្សធម៌របស់ខ្លួន​។​​ កម្មាភិបាល​ក្រោមបង្គាប់របស់ខ្លួនបាន​ធ្វើ​ការ​តាម​ដានអង្កេតគ្រប់សកម្មភាព គ្រប់ការជជែកគ្នា សូម្បីតែប្ដីប្រពន្ធ ឬ សមាជិកក្នុងគ្រួសារជជែកគ្នាក៏​ស្ថិត​នៅ​ក្នុងការតាមដានដែរ។ ទាំងអស់នេះសរបញ្ជាក់ឱ្យឃើញថា របប​ខ្មែរក្រហម គឺជារបបមួយដែលធ្វើការ​ដឹកនាំ​ប្រទេស​ប្រកបដោយភាពឃោរឃៅ និង ផ្ដាច់ការបំផុតនៅលើ​សកលលោក។ តែទោះបីជាយ៉ាងណា​ក៏​ដោយអំពើឃោរឃៅភាពព្រៃផ្សៃ និង ការគ្រប់គ្រងដ៏ងងឹតងងុល​គ្មាន​លក្ខណៈជាអ្នកដឹកនាំ​ប្រកប​ដោយ​វិចារណញ្ញាណ​របស់ខ្លួនមិនអាចស្ថិតស្ថេរជាអមតៈបានទ្បើយ។ នៅ​ទី​​បំផុត​របបខ្មែរក្រហមបានដួលរលំទៅ​នៅ​ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយអន្ដរាគមន៍ពី​កងទ័ព​វៀតណាម និង កងទ័ពអតីតខ្មែរក្រហមមួយ​ចំនួន​ដែល​ភៀសខ្លួនពីការបោសសំអាតរបស់កងទ័ពមជ្ឈិមរបស់ ប៉ុល ពត។ របបនេះដួលរលំទៅ ការឈឺចាប់ ការភិតភ័យ និង ការកាប់សម្លាប់ក៏ត្រូវបានបញ្ចប់ទៅដែរ។ ថ្វីត្បិត​តែរបបគ្រប់គ្រងរដ្ឋត្រូវ​បានដួលរលំទៅ​ហើយ​ក៏ពិតមែន ប៉ុន្ដែមេដឹកនាំ​ និង អ្នកដើរតាមមនោគមវិជ្ជា​ជ្រល់និយមខ្មែរក្រហម​នៅតែ បន្ដធ្វើសង្គ្រាម​ដើម្បី​បុព្វ​ហេតុ​ដ៏ឆ្កួតលីលារបស់ពួកគេតទៀតក្នុងការ​ប្រឆាំង​​​ទៅ​នឹង​សន្ដិភាព ប្រឆាំងទៅនឹង សេចក្ដីសុខសាន្ដ និង ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាដដែល។ មិនតែ​ប៉ុណ្ណោះខ្មែរក្រហម ត្រូវបាន អង្គការសហប្រជាជាតិ​អនុញ្ញាត​​អោយ​គ្រប់គ្រង​អាសនៈរបស់កម្ពុជា​នៅអង្គការ​សហប្រជាជាតិ ដែលជា តំណាងស្របច្បាប់តែមួយ​គត់​មិនអាចខ្វះបានចំពោះភាពស្របច្បាប់ និង ការទទួល​ស្គាល់​ជាអន្ដរជាតិ លើ រដ្ឋាភិបាលគ្រប់គ្រង​ប្រទេស​ពិត​ប្រាដក។ អស់រយៈពេលជិតពីរទសវត្សរបប​ខ្មែរក្រហម​នៅតែបន្ដតាម លងសន្ដិភាព និង សេចក្ដីសុខ​ក្សេមក្សាន្ដ​​របស់ប្រជាជនកម្ពុជា រហូតដល់មាន​កិច្ចព្រមព្រៀង​សន្ដិភាពទី ក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ហើយក្ដីក៏ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅតែបន្ដ អុកឡុក និង ធ្វើពហិការមិនចូលរួម​ក្នុង​ដំណើរបោះឆ្នោតជាសកល ដែលរៀបចំឡើងដោយ​អង្គការ​សហប្រជាជាតិឡើយ។ បន្ទាប់ពីការបោះឆ្នោត​ជា​សកលរួចមករដ្ឋសភា និង រដ្ឋាភិបាលមួយត្រូវបានបង្កើត​ឡើង​ដោយមានការចូលរួម​ពីគ្រប់ភាគីនៃ​ខ្មែរ​ច្បាំង​គ្នា​​ទាំងអស់​លើកលែងតែខាងភាគីខ្មែរក្រហមប៉ុណ្ណោះ ដែលនៅតែបន្ដធ្វើសកម្មភាពបំពានទៅលើ​កិច្ច​ព្រមព្រៀង​សន្ដិភាព នឹងព្រមទាំងបង្កអសន្ដិសុខគ្រប់ទីកន្លែង​លើផ្ទៃប្រទេស។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៤ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា​បានធ្វើការ​អនុម័ត​លើច្បាប់ស្ដីពី “ការដាក់ក្រុមកម្ពុជា​ប្រជាធិបតេយ្យឱ្យ​នៅ​ក្រៅច្បាប់” ព្រោះតែក្រុមនេះមិនគោរព​បទ ឈប់បាញ់តាម​កិច្ចព្រមព្រៀង​សន្ដិភាពទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលខ្លួនជាភាគីមួយ​ក្នុងហត្ថលេខី។ ម្យ៉ាងវិញទៀត ដោយការមិនគោរពរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើការ​បែងចែកទឹកដីជាចំនែកៗដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន នឹងបង្កឱ្យ​មាន​ការ​ផ្ទុះអាវុធ​បង្ករអសន្ដិសុខ ប៉ះ​ពាល់​​ដល់អាយុជីវិតប្រជាជន មន្ដ្រីរាជការស៊ីវិល និង យោធា ព្រមទាំង​បាត់បង់​​ទ្រព្យសម្បត្ដិសាធារណៈ​ជាដើម។ ទោះបីជាមានច្បាប់ដាក់ក្រុមកម្ពុជាប្រជាធិបតេយ្យឱ្យ​នៅក្រៅច្បាប់​ក្ដីក៏​ក្រុមនេះនៅតែបន្ដធ្វើ​សកម្មភាព​​​ដូចមុនដដែល។
នៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីខ្មែរក្រហមជាច្រើនក្រុមចាប់ផ្ដើមធ្វើការចុះចូល​ជា​មួយរាជរដ្ឋាភិបាល​កម្ពុជា ក្នុងនោះរួមមាន អៀង សារី បានធ្វើការដឹកនាំក្រុមខ្មែរក្រហមនៅក្រុងប៉ៃលិន ផ្ដាច់​ខ្លួន​ចូលរួមរស់ជា​មួយ​​រាជរដ្ឋាភិបាលវិញរួចមក។ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ នាយករដ្ឋមន្ដ្រីទី១ និង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីទី២ បានធ្វើសំណើរួមគ្នាមួយ ផ្ញើទៅកាន់អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បីសុំការ​ជួយជ្រោមជ្រេងក្នុងលទ្ធភាពដើម្បីបង្កើតតុលាការកាត់សេចក្ដីលើឧក្រិដ្ឋកម្ម​របស់​មេដឹកនាំខ្មែរក្រហម។ បន្ទាប់​ពី​អង្គការចាត់តាំងនយោបាយ និង យោធា ចុងក្រោយរបស់ខ្មែរក្រហម​បាន​ត្រូវបញ្ចប់ជាស្ថាពរ​នៅមូលដ្ឋាន​ចុងក្រោយរបស់ខ្លួនក្នុងតំបន់អន្លង់វែង ខេត្ដឧត្ដរមានជ័យ រួចមកដំណើរការ​នៃការបង្កើតតុលាការ​កាន់តែមាន​សភាពពុះកញ្ច្រោលឡើងថែមទៀត។​
ជាមោទនៈភាពបំផុត ទីបញ្ចប់រាជរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជាតិ បានសំរេចលើកិច្ច ព្រមព្រៀងរួមមួយ ដែលភាគីទាំងពីរបានធ្វើការចរចារយ៉ាងស្វិតស្វាញទម្រាំដល់គោលដៅនេះត្រូវចំនាយ​អស់ រយៈពេលប្រមាណ៧ (ប្រាំពីរ) ឆ្នាំ។
បញ្ហាខ្មែរក្រហម ត្រូវបានយកមកធ្វើការពិភាក្សាគ្រប់ពេលវេលាក្នុងក្របខ័ណ្ឌជាតិ និង អន្ដរជាតិ ក្នុងការទម្លុះទម្លាយឧបសគ្គនានាដើម្បីចូលរួមបង្កើតគោលការណ៍យុត្ដិធម៌សមស្របមួយ ដែលគ្រប់គូភាគី​អាចទទួលយកបានក្នុងលក្ខណៈជាសកល។ ព្រោះបញ្ហាសាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហម គឺជាកម្មវត្ថុ​ដ៏​សំខាន់មួយ ដែលចាំបាច់ជំរុញអោយមានការចូលរួមជាអន្ដរជាតិ ដើម្បីបង្កើតការទទួលខុសត្រូវ និង ការទទួលស្គាល់ក្នុងខ័ណ្ឌនៃស្ដង់ដាយុត្ដិធ៌អន្ដរជាតិ ដែលត្រឹមត្រូវ និង អាចទទួលយកបានសំរាប់​ប្រជាជន​កម្ពុជាទូទាំងប្រទេស និង ព្រមទាំងសំរាប់ដំណើរការនៃការស្វែងរកយុត្ដិធម៌​ជួនដល់វិញ្ញាណក្ខិន្ដជនរងគ្រោះ​រាប់លាននាក់ ដែលបានស្លាប់ និង រងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។